1. លោកម៉ូសេ និងក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល បានបង្គាប់ប្រជាជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។
2. នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ចូរបញ្ឈរថ្មធំៗ ហើយលាបកំបោរពណ៌ស។
3. ចូរចារឹកក្រឹត្យវិន័យ*ដែលខ្ញុំប្រគល់ឲ្យលើថ្មទាំងនោះ នៅពេលអ្នកឆ្លងទៅដល់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក គឺស្រុកដ៏សម្បូណ៌សប្បាយ។
4. ពេលណាអ្នកឆ្លងទន្លេយ័រដាន់ហើយ ចូរបញ្ឈរថ្មដែលខ្ញុំបង្គាប់ឲ្យបញ្ឈរនោះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។
5. បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនៈ*មួយថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នក
6. គឺត្រូវយកថ្មដែលមិនទាន់ដាប់ សង់អាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចយកតង្វាយដុត*ទាំងមូលមកថ្វាយព្រះអង្គ នៅលើអាសនៈនោះ។
7. ចូរថ្វាយយញ្ញបូជាមេត្រីភាព ហើយជប់លៀងយ៉ាងសប្បាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។
8. ចូរចារឹកក្រឹត្យវិន័យទាំងនេះនៅលើថ្មឲ្យច្បាស់ៗ»។
9. បន្ទាប់មក លោកម៉ូសេ និងបូជាចារ្យ*លេវី ថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលដូចតទៅ៖ «អ៊ីស្រាអែលអើយ ចូរស្ងៀមស្ងាត់ ហើយស្ដាប់ចុះ! ថ្ងៃនេះ អ្នកក្លាយទៅជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
10. ដូច្នេះ ចូរស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ»។
11. ថ្ងៃដដែលនោះ លោកម៉ូសេបង្គាប់ប្រជាជនដូចតទៅ៖
12. «កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីព្រះពរប្រាប់ប្រជាជន។
13. រីឯកុលសម្ព័ន្ធរូបេន កាដ អេស៊ើរ សាប់យូឡូន ដាន់ និងណែបថាលី ត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្ដាសា»។