10. ហេតុនេះ ព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយផលដំបូងពីដីដែលព្រះអង្គប្រទានមកទូលបង្គំ”។ ត្រូវតម្កល់តង្វាយនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក។
11. បន្ទាប់មក ត្រូវជប់លៀងយ៉ាងសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានភោគផលទាំងប៉ុន្មានមកឲ្យអ្នក និងគ្រួសាររបស់អ្នក»។
12. «នៅឆ្នាំទីបីជាឆ្នាំដែលត្រូវថ្វាយតង្វាយមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់តង្វាយនោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។
13. ពេលនោះ អ្នកត្រូវទូលព្រះអម្ចាស់ ជាព្រះរបស់អ្នកថា: “អ្វីៗដែលទូលបង្គំញែកថ្វាយព្រះអង្គ ទូលបង្គំបានយកចេញពីផ្ទះរបស់ទូលបង្គំ ប្រគល់ទៅឲ្យពួកលេវី ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលព្រះអង្គបង្គាប់មកទូលបង្គំ គឺទូលបង្គំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ។
14. នៅពេលទូលបង្គំកាន់ទុក្ខ ទូលបង្គំពុំបានបរិភោគតង្វាយមួយភាគដប់នេះទេ។ ទូលបង្គំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ទូលបង្គំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។
15. បពិត្រព្រះអម្ចាស់ សូមទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានពរដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងប្រទានពរដល់ទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។
16. «ថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឲ្យអស់ពីចិត្ត អស់ពីគំនិត។
17. ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថា ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ព្រះអង្គ គោរពច្បាប់ បទបញ្ជា និងវិន័យទាំងឡាយរបស់ព្រះអង្គ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គទៀតផង។
18. ថ្ងៃនេះព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គមានព្រះបន្ទូលប្រាប់អ្នក ហើយអ្នកត្រូវប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។
19. ព្រះអង្គនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេក្នុងចំណោមប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធ សម្រាប់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក»។