1. «ពេលណាអ្នកចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ
2. ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។
3. អ្នកត្រូវទៅជួបបូជាចារ្យដែលបំពេញមុខងារនៅគ្រានោះ ជម្រាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរស*របស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។
4. បូជាចារ្យនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈព្រះអម្ចាស់ ជាព្រះរបស់អ្នក។
5. ពេលនោះ អ្នកត្រូវពោលទៀតថា: “បុព្វបុរសរបស់ខ្ញុំបាទជាពនេចរ ជាតិអើរ៉ាម លោកបានទៅស្នាក់នៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។
6. ជនជាតិអេស៊ីបបានធ្វើបាប និងសង្កត់សង្កិនយើងខ្ញុំ ពួកគេប្រើយើងខ្ញុំឲ្យធ្វើការជាទាសករ។
7. យើងខ្ញុំក៏ស្រែកអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។
8. ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ ព្រះអង្គសម្តែងមហិទ្ធិឫទ្ធិគួរស្ញែងខ្លាច ព្រមទាំងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។
9. ព្រះអង្គនាំយើងខ្ញុំមកដល់ទីនេះ ហើយប្រទានស្រុកដ៏សម្បូណ៌សប្បាយឲ្យយើងខ្ញុំ។
10. ហេតុនេះ ព្រះអម្ចាស់អើយ ទូលបង្គំសូមថ្វាយផលដំបូងពីដីដែលព្រះអង្គប្រទានមកទូលបង្គំ”។ ត្រូវតម្កល់តង្វាយនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក។
11. បន្ទាប់មក ត្រូវជប់លៀងយ៉ាងសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានភោគផលទាំងប៉ុន្មានមកឲ្យអ្នក និងគ្រួសាររបស់អ្នក»។
12. «នៅឆ្នាំទីបីជាឆ្នាំដែលត្រូវថ្វាយតង្វាយមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់តង្វាយនោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។
13. ពេលនោះ អ្នកត្រូវទូលព្រះអម្ចាស់ ជាព្រះរបស់អ្នកថា: “អ្វីៗដែលទូលបង្គំញែកថ្វាយព្រះអង្គ ទូលបង្គំបានយកចេញពីផ្ទះរបស់ទូលបង្គំ ប្រគល់ទៅឲ្យពួកលេវី ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលព្រះអង្គបង្គាប់មកទូលបង្គំ គឺទូលបង្គំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ។
14. នៅពេលទូលបង្គំកាន់ទុក្ខ ទូលបង្គំពុំបានបរិភោគតង្វាយមួយភាគដប់នេះទេ។ ទូលបង្គំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ទូលបង្គំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។
15. បពិត្រព្រះអម្ចាស់ សូមទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានពរដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងប្រទានពរដល់ទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។