8. ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធមិនព្រមរៀបការជាមួយនាងទេនោះ
9. បងថ្លៃត្រូវចូលទៅជិតគាត់ នៅចំពោះមុខពួកព្រឹទ្ធាចារ្យ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។
10. ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា “ពូជអត់ស្បែកជើង”»។
11. «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្ដីរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរ្តិ៍ខ្មាសរបស់បុរសម្នាក់ទៀត
12. ចូរកាត់ដៃស្ត្រីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ»។
13. «ក្នុងថង់របស់អ្នកមិនត្រូវមានកូនទម្ងន់ពីរខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។
14. ក្នុងផ្ទះរបស់អ្នកក៏មិនមានរង្វាល់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។
15. អ្នកត្រូវតែមានកូនទម្ងន់ និងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យ។
16. ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់ខ្ពើមជនដែលប្រព្រឹត្តអំពើគៃបន្លំរបៀបនេះណាស់»។
17. «ចូរកុំភ្លេចនូវអំពើដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអ្នក នៅតាមផ្លូវ ក្រោយពេលអ្នកចាកចេញពីស្រុកអេស៊ីប។
18. ពួកគេបានសំងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចព្រះជាម្ចាស់។
19. កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កំចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។