18. ពួកព្រឹទ្ធាចារ្យត្រូវចាប់បុរសនោះមកផ្ដន្ទាទោស
19. ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រាអែល។ ពួកព្រឹទ្ធាចារ្យត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញ នាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។
20. ផ្ទុយទៅវិញ ប្រសិនបើរឿងនោះជាការពិតមែន គឺប្រសិនបើគេរកបានភស្ដុតាងថា នាងមិននៅព្រហ្មចារីទេ
21. គេត្រូវនាំស្ត្រីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ព្រោះនាងបានប្រព្រឹត្តអំពើដ៏ថោកទាបនៅស្រុកអ៊ីស្រាអែល ដោយបង្ខូចខ្លួននៅពេលរស់ក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។
22. ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។
23. ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្ដឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង
24. អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងឲ្យជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្ដឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
25. ប៉ុន្តែ ប្រសិនបើបុរសនោះជួបស្ត្រីក្រមុំ ដែលមានគូដណ្ដឹងនៅវាលស្រែវិញ ហើយចាប់នាងរំលោភ។ បុរសដែលរំលោភនាង ត្រូវមានទោសដល់ស្លាប់។
26. រីឯស្ត្រីក្រមុំនោះវិញ កុំធ្វើទោសនាងឲ្យសោះ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ (អំពើដែលបុរសនោះប្រព្រឹត្តចំពោះនាង ក៏ដូចជាឃាតកម្មមួយដែរ)
27. ទោះបីស្ត្រីក្រមុំមានគូដណ្ដឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្ដី ក៏គ្មាននរណាជួយនាងដែរ។