11. កុំស្លៀកសម្លៀកបំពាក់ត្បាញដោយអំបោះរោមចៀម និងអំបោះធ្មៃ លាយគ្នាឡើយ។
12. ចូរដេរខ្សែរំយោលភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ ដែលអ្នករុំខ្លួន»។
13. ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមក គេបែរជាឈប់ស្រឡាញ់នាង
14. រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។
15. ឪពុកម្ដាយរបស់នាងត្រូវយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅត្រង់កន្លែងកាត់ក្ដី។
16. ឪពុករបស់នាងត្រូវពោលទៅកាន់ពួកព្រឹទ្ធាចារ្យថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង
17. គេបានបរិហារកេរ្តិ៍របស់នាង ដោយពោលថា “ខ្ញុំឃើញថាកូនរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ក៏ប៉ុន្តែ សូមអស់លោកមើលចុះ នេះជាភស្ដុតាងដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាស្ត្រីព្រហ្មចារីមែន!»។ ឪពុកម្ដាយត្រូវយកសំពត់របស់នាងបង្ហាញពួកព្រឹទ្ធាចារ្យរបស់ទីក្រុង។
18. ពួកព្រឹទ្ធាចារ្យត្រូវចាប់បុរសនោះមកផ្ដន្ទាទោស
19. ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រាអែល។ ពួកព្រឹទ្ធាចារ្យត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញ នាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។
20. ផ្ទុយទៅវិញ ប្រសិនបើរឿងនោះជាការពិតមែន គឺប្រសិនបើគេរកបានភស្ដុតាងថា នាងមិននៅព្រហ្មចារីទេ
21. គេត្រូវនាំស្ត្រីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ព្រោះនាងបានប្រព្រឹត្តអំពើដ៏ថោកទាបនៅស្រុកអ៊ីស្រាអែល ដោយបង្ខូចខ្លួននៅពេលរស់ក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។
22. ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។
23. ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្ដឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង
24. អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងឲ្យជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្ដឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
25. ប៉ុន្តែ ប្រសិនបើបុរសនោះជួបស្ត្រីក្រមុំ ដែលមានគូដណ្ដឹងនៅវាលស្រែវិញ ហើយចាប់នាងរំលោភ។ បុរសដែលរំលោភនាង ត្រូវមានទោសដល់ស្លាប់។
26. រីឯស្ត្រីក្រមុំនោះវិញ កុំធ្វើទោសនាងឲ្យសោះ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ (អំពើដែលបុរសនោះប្រព្រឹត្តចំពោះនាង ក៏ដូចជាឃាតកម្មមួយដែរ)