ទុតិយ‌កថា 22:1-10 Khmer Standard Version (KHSV)

1. «ប្រសិន​បើ​អ្នក​ឃើញ​គោ ឬ​ចៀម​របស់​បង‌ប្អូន​អ្នក​វង្វេង កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ តែ​ត្រូវ​នាំ​សត្វ​នោះ​ទៅ​ឲ្យ​ម្ចាស់​វា​វិញ កុំ​បី​អាក់‌ខាន​ឡើយ។

2. ប្រសិន​បើ​ម្ចាស់​សត្វ​នៅ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​ឲ្យ​គេ​ចុះ។

3. ចំពោះ​សត្វ​លា សម្លៀក‌បំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បង‌ប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។

4. ប្រសិន​បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង‌ប្អូន​អ្នក ធ្លាក់​ទៅ​ក្នុង​ស្នាម​ភ្លោះ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ តែ​ត្រូវ​ជួយ​គេ​អូស​សត្វ​នោះ​ឲ្យ​ឡើង​មក​វិញ»។

5. «ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។

6. ពេល​ធ្វើ​ដំណើរ នៅ​តាម​ផ្លូវ ប្រសិន​បើ​អ្នក​ឃើញ​សំបុក​សត្វ​នៅ​លើ​ដើម​ឈើ ឬ​នៅ​ផ្ទាល់​ដី ហើយ​ឃើញ​កូន​សត្វ ឬ​ពង​សត្វ ដែល​មាន​មេ​វា​កំពុង​តែ​ក្រាប នោះ​មិន​ត្រូវ​យក​ទាំង​មេ ទាំង​កូន​ឡើយ។

7. ចូរ​ទុក​ឲ្យ​មេ​វា​ហើរ​ទៅ​ចុះ គឺ​យក​តែ​កូន​របស់​វា​ប៉ុណ្ណោះ​បាន​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល ព្រម​ទាំង​មាន​អាយុ​យឺន‌យូរ។

8. ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំ‌វិញ​ដំបូល​ផ្ទះ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្ដាល​ឲ្យ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។

9. មិន​ត្រូវ​ព្រោះ​ពូជ​អ្វី​ផ្សេង ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​យក​ដំណាំ​ទាំង​អស់​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ទាំង​ពូជ​ផ្សេង​ដែល​អ្នក​ព្រោះ ទាំង​ផល​ទំពាំង‌បាយជូរ។

10. កុំ​ទឹម​គោ និង​លា ឲ្យ​អូស​នង្គ័ល​ជា​មួយ​គ្នា​ឡើយ។

ទុតិយ‌កថា 22