1. «នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកម្មសិទ្ធិ ប្រសិនបើគេប្រទះឃើញសាកសពនរណាម្នាក់នៅតាមចម្ការ ហើយគេមិនដឹងមុខឃាតកទេ
2. ពួកព្រឹទ្ធាចារ្យ* និងពួកចៅក្រម ត្រូវវាស់ចម្ងាយពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។
3. កាលដឹងថា ក្រុងណាមួយនៅជិតសាកសពជាងគេ ពួកព្រឹទ្ធាចារ្យរបស់ក្រុងនោះត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។
4. ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវនាំគោញីស្ទាវនោះចុះទៅកាន់ជ្រោះមួយ ដែលមានទឹកហូរមិនចេះរីង ហើយជាកន្លែងគ្មាននរណាសាបព្រោះ ឬដាំដំណាំទេ។ គេត្រូវវាយបំបាក់កគោញី នៅក្នុងជ្រោះ។
5. ពេលនោះ ពួកបូជាចារ្យ*ពីកុលសម្ព័ន្ធ*លេវីនាំគ្នាចូលមក - ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសពួកបូជាចារ្យឲ្យនៅបម្រើព្រះអង្គ និងឲ្យពរប្រជាជន ក្នុងព្រះនាមព្រះអង្គ។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកបូជាចារ្យមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។
6. ព្រឹទ្ធាចារ្យរបស់ក្រុងដែលនៅជិតសាកសព ត្រូវនាំគ្នាលាងដៃពីលើគោញី ដែលគេវាយបំបាក់កនៅក្នុងជ្រោះ
7. ទាំងប្រកាសថា “យើងខ្ញុំពុំបានធ្វើឃាតជនរងគ្រោះនេះទេ ហើយយើងខ្ញុំក៏ពុំបានឃើញនរណាធ្វើឃាតគេដែរ។
8. ព្រះអម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រាអែល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រាអែលជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។
9. រីឯអ្នកវិញ ត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ឲ្យអស់ពីចំណោមអ្នក ហើយប្រព្រឹត្តតែអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យព្រះអម្ចាស់»។
10. «ពេលណាអ្នកចេញទៅច្បាំងនឹងខ្មាំងសត្រូវ ប្រសិនបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកចាប់ពួកគេមកជាឈ្លើយ
11. ក្នុងចំណោមស្ត្រីៗដែលអ្នកចាប់មកជាឈ្លើយ អ្នកប្រហែលជាឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយអ្នកចាប់ចិត្តស្រឡាញ់ ចង់បាននាងមកធ្វើជាភរិយា
12. ត្រូវយកនាងចូលមកក្នុងផ្ទះរបស់អ្នក ហើយឲ្យនាងកោរសក់ និងកាត់ក្រចកដៃ ក្រចកជើង
13. នាងត្រូវប្ដូរសម្លៀកបំពាក់ ដែលនាងស្លៀក នៅពេលគេចាប់នាងមកជាឈ្លើយសឹកចេញ នាងត្រូវរស់នៅក្នុងផ្ទះរបស់អ្នក ហើយយំកាន់ទុក្ខឪពុកម្ដាយរបស់ខ្លួន អស់រយៈពេលមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង រៀបការជាមួយនាង ហើយនាងនឹងទៅជាភរិយារបស់អ្នក។
14. ក្រោយមក ប្រសិនបើអ្នកលែងពេញចិត្តនឹងនាងទៀតហើយ នោះត្រូវដោះលែងនាងឲ្យមានសេរីភាពចុះ អ្នកមិនអាចលក់នាង ឬទុកនាងជាខ្ញុំបម្រើទេ ព្រោះអ្នកបានរួមរស់ជាមួយនាងរួចស្រេចទៅហើយ»។