ទុតិយ‌កថា 20:4-17 Khmer Standard Version (KHSV)

4. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​ទៅ​ច្បាំង​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជ័យ‌ជំនះ”។

5. បន្ទាប់​មក ពួក​មេ‌ទ័ព​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទាហាន​ថា: “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​នរណា​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​ពុំ​ទាន់​បាន​ឡើង​ផ្ទះ​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។

6. បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំង‌បាយជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។

7. បើ​នរណា​ម្នាក់​មាន​គូ‌ដណ្ដឹង តែ​មិន​ទាន់​បាន​រៀប‌ការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​រៀប‌ការ​នឹង​នាង”។

8. នាយ​ទាហាន​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទ័ព​ទៀត​ថា: “បើ​នរណា​ភ័យ​ខ្លាច ឬ​គ្មាន​ទឹក​ចិត្ត​ក្លាហាន​ទេ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​នាំ​ឲ្យ​បង‌ប្អូន​ឯ​ទៀតៗ​បាក់​ទឹក​ចិត្ត​ដូច​ខ្លួន​ដែរ”។

9. ពេល​មេ‌ទ័ព​និយាយ​បែប​នេះ​ទៅ​កាន់​ពល​ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​ឲ្យ​មាន​មេ​ក្រុម នាំ​មុខ​ពល​ទាហាន​ទាំង​នោះ»។

10. «ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។

11. ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។

12. ប្រសិន​បើ​អ្នក​ក្រុង​នោះ​មិន​ព្រម​ទទួល​សំណើ ហើយ​ចង់​ធ្វើ​សឹក​ជា​មួយ​អ្នក ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង

13. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។

14. ចំណែក​ឯ​ស្រីៗ ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទីក្រុង អ្នក​អាច​រឹប​អូស​ជា​ជយ‌ភ័ណ្ឌ អ្នក​អាច​បរិភោគ​សាច់​របស់​សត្វ​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។

15. អ្នក​ត្រូវ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ក្រុង​ទាំង​អស់​ដែល​នៅ​ឆ្ងាយៗ​ពី​អ្នក ជា​ក្រុង​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុង​របស់​ប្រជា‌ជាតិ​ទាំង​នេះ​ទេ។

16. រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ជា​កេរ‌មត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​នរណា​ម្នាក់​សោះ​ឡើយ

17. គឺ​អ្នក​ត្រូវ​បំផ្លាញ​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ទុក។

ទុតិយ‌កថា 20