31. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះឥឡូវនេះចុះ”។
32. ស្ដេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។
33. ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ស្ដេចនោះមកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្ដេចស៊ីហុន និងកូនរបស់ស្ដេច ព្រមទាំងកងទ័ពទាំងមូល។
34. នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចស៊ីហុន ហើយកម្ទេចពួកគេ ទាំងប្រុសទាំងស្រី និងក្មេងថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
35. ពួកយើងរឹបអូសតែហ្វូងសត្វ និងទ្រព្យសម្បត្តិពីក្រុងនានាដែលពួកយើងដណ្ដើមយកបានប៉ុណ្ណោះ។
36. ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង ប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
37. ប៉ុន្តែ ពួកយើងមិនបានចូលទៅជិតស្រុករបស់ជនជាតិអាំម៉ូន ឬក្រុងទាំងប៉ុន្មាននៅតាមមាត់ស្ទឹងយ៉ាបុក ឬក្រុងទាំងប៉ុន្មាននៅតាមតំបន់ភ្នំ និងក្រុងឯទៀតៗដែលព្រះអម្ចាស់ ជាព្រះនៃយើង បានហាមឃាត់នោះឡើយ»។