29. កូនចៅលោកអេសាវដែលរស់នៅស្រុកសៀរ បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ដែលរស់នៅក្រុងអើរ ក៏បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ប្រទានឲ្យយើងខ្ញុំនោះផង”។
30. ប៉ុន្តែ ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះព្រះអម្ចាស់ ជាព្រះនៃអ្នក ធ្វើឲ្យស្ដេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
31. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះឥឡូវនេះចុះ”។
32. ស្ដេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។
33. ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ស្ដេចនោះមកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្ដេចស៊ីហុន និងកូនរបស់ស្ដេច ព្រមទាំងកងទ័ពទាំងមូល។