9. អ្នកត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។ ប៉ុន្តែ ត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ។
10. ធ្វើដូច្នេះ នឹងគ្មានការប្រហារជីវិតជនស្លូតត្រង់ នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នក ទុកជាកេរមត៌កឡើយ ហើយអ្នកក៏នឹងគ្មានទោសដែរ។
11. ប៉ុន្តែ ប្រសិនបើនរណាម្នាក់មានចិត្តស្អប់អ្នកដទៃ ហើយប្រើកលល្បិច ចាំស្ទាក់វាយប្រហារគេរហូតដល់ស្លាប់ ទោះបីជននោះរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយក៏ដោយ
12. ពួកព្រឹទ្ធាចារ្យ*របស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។
13. កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រាអែល ហើយអ្នកនឹងមានសុភមង្គល»។
14. «ពេលណាអ្នកចូលកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។
15. «ប្រសិនបើមានសាក្សីតែម្នាក់ គេពុំអាចដាក់ទោសនរណាដែលជាប់សង្ស័យថា ប្រព្រឹត្តបទឧក្រិដ្ឋ បទល្មើស ឬអំពើបាបណាមួយនោះឡើយ។ កាលណាមានសាក្សីពីរ ឬបីនាក់ ទើបសំណុំរឿងនោះអាចយកជាការបាន។
16. ពេលសាក្សីក្លែងក្លាយម្នាក់ចោទប្រកាន់មនុស្សម្នាក់ទៀតថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ
17. អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ហើយឈរនៅចំពោះមុខបូជាចារ្យ* និងចៅក្រមដែលកាន់មុខតំណែង នៅពេលនោះ។
18. ចៅក្រមត្រូវសាកសួរឲ្យបានល្អិតល្អន់។ ប្រសិនបើឃើញថាសាក្សីនោះនិយាយការមិនពិត គឺគាត់មួលបង្កាច់បងប្អូនរបស់ខ្លួន
19. នោះត្រូវដាក់ទោសគាត់ដូចគាត់បានគ្រោងទុក សម្រាប់ដាក់ទោសជនជាប់ចោទ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។
20. អ្នកឯទៀតៗឮដំណឹងនេះគេនឹងភ័យខ្លាច ហើយគ្មាននរណាប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។