1. «ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក បំផ្លាញប្រជាជាតិនានាចេញពីទឹកដីដែលព្រះអង្គប្រទានឲ្យអ្នក ពេលណាអ្នកដណ្ដើមទឹកដីបានពីពួកគេ ហើយរស់នៅក្នុងក្រុង និងផ្ទះរបស់ពួកគេហើយ
2. អ្នកត្រូវញែកក្រុងបី នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់។
3. ត្រូវបែងចែកទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌កនោះ ជាបីតំបន់ ហើយរៀបចំឲ្យមានផ្លូវក្នុងតំបន់ទាំងនោះ ដើម្បីឲ្យអ្នកសម្លាប់គេអាចរត់ទៅជ្រកកោននៅក្នុងក្រុងទាំងបី។
4. អ្នកដែលអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន គឺអ្នកដែលសម្លាប់គេដោយអចេតនា និងគ្មានគំនិតស្អប់ជាមុន។ ឧទាហរណ៍ បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃជាមួយបុរសម្នាក់ទៀត
5. ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូកនរបស់ខ្លួនបណ្ដាលឲ្យស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។
6. ធ្វើដូច្នេះ ដោយផ្លូវឆ្ងាយ នោះអ្នកដែលមានសិទ្ធិសងសឹក ហើយកំពុងតែខឹងជាខ្លាំង ពុំអាចដេញតាមគាត់ទាន់ និងសម្លាប់គាត់ឡើយ ដ្បិតបុរសនេះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់ពុំបានសម្លាប់គេដោយចិត្តស្អប់។
7. ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកឲ្យញែកក្រុងបីទុកដាច់ឡែកពីគេ។
8. ប្រសិនបើព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីឲ្យអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក ហើយប្រសិនបើព្រះអង្គប្រគល់ស្រុកទាំងមូលមកអ្នក ជាស្រុកដែលព្រះអង្គបានសន្យាប្រគល់ឲ្យបុព្វបុរសរបស់អ្នក
9. អ្នកត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។ ប៉ុន្តែ ត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ។
10. ធ្វើដូច្នេះ នឹងគ្មានការប្រហារជីវិតជនស្លូតត្រង់ នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នក ទុកជាកេរមត៌កឡើយ ហើយអ្នកក៏នឹងគ្មានទោសដែរ។
11. ប៉ុន្តែ ប្រសិនបើនរណាម្នាក់មានចិត្តស្អប់អ្នកដទៃ ហើយប្រើកលល្បិច ចាំស្ទាក់វាយប្រហារគេរហូតដល់ស្លាប់ ទោះបីជននោះរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយក៏ដោយ