12. ដ្បិតព្រះអម្ចាស់ចាត់ទុកអ្នកដែលប្រព្រឹត្តអំពើទាំងនេះ ជាមនុស្សគួរស្អប់ខ្ពើម។ ព្រោះតែប្រជាជាតិនានាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នកបណ្ដេញពួកគេចេញពីមុខអ្នក។
13. អ្នកត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នកជានិច្ច។
14. ប្រជាជាតិទាំងឡាយដែលអ្នកនឹងដេញចេញពីទឹកដី តែងតែស្ដាប់ពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់។ ចំណែកឯអ្នកវិញ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។
15. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីក្នុងចំណោមអ្នក ហើយលោកជាបងប្អូនរបស់អ្នក។ ចូរនាំគ្នាស្ដាប់តាមព្យាការីនោះចុះ
16. ដ្បិតនៅថ្ងៃអ្នកជួបជុំគ្នានៅហោរែប អ្នកបានទូលសូមពីព្រះអម្ចាស់ ជាព្រះរបស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។
17. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “សេចក្ដីដែលពួកគេនិយាយពិតជាត្រឹមត្រូវមែន។
18. យើងនឹងធ្វើឲ្យមានព្យាការីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់របស់ព្យាការីនោះ លោកនឹងថ្លែងសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់។
19. អ្នកណាមិនស្ដាប់ពាក្យដែលលោកថ្លែង ក្នុងនាមយើងទេ យើងនឹងដាក់ទោសអ្នកនោះ។
20. ផ្ទុយទៅវិញ ប្រសិនបើព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។