1. «ពួកបូជាចារ្យលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រាអែលទេ គឺពួកគេមានតែអាហារពីយញ្ញបូជា និងតង្វាយផ្សេងៗ ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ប៉ុណ្ណោះ។
2. ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអង្គមានព្រះបន្ទូលស្រាប់។
3. ពេលប្រជាជនយកគោ និងចៀមមកថ្វាយជាយញ្ញបូជា ពួកគេត្រូវយកសាច់ស្មា សាច់ថ្គាម និងក្រពះ ជូនបូជាចារ្យ។
4. ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំងបាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនបូជាចារ្យ
5. ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ឲ្យនៅបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។
6. ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស
7. គាត់អាចបំពេញមុខងារបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដូចពួកលេវីឯទៀតៗជាបងប្អូនរបស់ខ្លួន ដែលធ្វើការនៅទីសក្ការៈនោះ
8. ហើយគាត់ក៏អាចទទួលអាហារមួយចំណែកស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។
9. «កាលណាអ្នកចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ មិនត្រូវរៀនយកតម្រាប់តាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងនោះឡើយ។
10. ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង។ មិនត្រូវឲ្យមាននរណាម្នាក់ បញ្ជាន់រូប ទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់
11. ធ្វើអំពើ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ
12. ដ្បិតព្រះអម្ចាស់ចាត់ទុកអ្នកដែលប្រព្រឹត្តអំពើទាំងនេះ ជាមនុស្សគួរស្អប់ខ្ពើម។ ព្រោះតែប្រជាជាតិនានាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នកបណ្ដេញពួកគេចេញពីមុខអ្នក។
13. អ្នកត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នកជានិច្ច។