ទុតិយ‌កថា 17:4-17 Khmer Standard Version (KHSV)

4. ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើប‌សួរ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​បញ្ជាក់​ថា ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន

5. ត្រូវ​នាំ​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ទៅ​មាត់​ទ្វារ​ក្រុង ហើយ​យក​ដុំ​ថ្ម​គប់ រហូត​ទាល់​តែ​ស្លាប់។

6. ជន​ជាប់​ចោទ​នោះ​មាន​ទោស​ដល់​ស្លាប់ ល្គឹក‌ណា​តែ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ធ្វើ​ជា​សាក្សី។ ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​ប្រហារ​ជីវិត​ជន​ជាប់​ចោទ​នោះ​ឡើយ។

7. សាក្សី​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​គប់​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។

8. «ចំពោះ​ឃាត‌កម្ម ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​វាយ​គ្នា​ឲ្យ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្ដី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។

9. អ្នក​ត្រូវ​ទៅ​ជួប​ពួក​បូជា‌ចារ្យ​លេវី និង​ចៅ‌ក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។

10. ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះ‌អម្ចាស់​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែ‌នាំ​ឲ្យ​បាន​ឥត​ខ្ចោះ។

11. ចូរ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​ក្រឹត្យ‌វិន័យ ដែល​លោក​ទាំង​នោះ​ណែ‌នាំ និង​ការ​វិនិច្ឆ័យ​ដែល​ពួក​លោក​បាន​សម្រេច គឺ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​អារ​កាត់ ឥត​លំអៀង​ឡើយ។

12. អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បូជា‌ចារ្យ* ដែល​បាន​ទទួល​តំណែង​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឬ​មិន​ស្ដាប់​ពាក្យ​របស់​ចៅ‌ក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

13. ប្រជា‌ជន​ទាំង​អស់​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ហ៊ាន​តាំង​ចិត្ត​មានះ​បែប​នេះ​ទៀត​ឡើយ»។

14. «ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្ដេច​មួយ​អង្គ​គ្រប់‌គ្រង​លើ​អ្នក ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ដែរ។

15. អ្នក​ត្រូវ​តែង‌តាំង​ស្ដេច ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ អ្នក​ត្រូវ​តែង‌តាំង​ស្ដេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែង‌តាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។

16. ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​ឲ្យ​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។

17. ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។

ទុតិយ‌កថា 17