1. កុំយកគោ ឬកូនចៀម ដែលមានស្លាកស្នាម ឬពិការ ថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ ដ្បិតព្រះអង្គស្អប់ខ្ពើមយញ្ញបូជាបែបនេះ។
2. ក្នុងចំណោមអ្នក ប្រហែលជាមានប្រុសម្នាក់ ឬស្រីម្នាក់ប្រព្រឹត្តអំពើបាប ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងក្រុងដែលព្រះអង្គប្រទានឲ្យ គឺអ្នកនោះបំពានលើសម្ពន្ធមេត្រីរបស់ព្រះអង្គ
3. ទៅគោរពបម្រើព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះ ឬក្រាបថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងតារាទាំងប៉ុន្មាន ផ្ទុយពីសេចក្ដីដែលខ្ញុំបានបង្គាប់។
4. ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រាអែលមែន
5. ត្រូវនាំប្រុស ឬស្រី ដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់ រហូតទាល់តែស្លាប់។
6. ជនជាប់ចោទនោះមានទោសដល់ស្លាប់ ល្គឹកណាតែមានមនុស្សពីរ ឬបីនាក់ធ្វើជាសាក្សី។ ប្រសិនបើមានសាក្សីតែម្នាក់ គេមិនអាចប្រហារជីវិតជនជាប់ចោទនោះឡើយ។
7. សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។
8. «ចំពោះឃាតកម្ម ការប្ដឹងផ្ដល់គ្នា និងការវាយគ្នាឲ្យមានរបួស ជាករណីដែលពិបាកកាត់ក្ដី នៅក្នុងក្រុងរបស់អ្នក ត្រូវនាំយករឿងនេះទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។
9. អ្នកត្រូវទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។
10. ចូរធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នក នៅកន្លែងព្រះអម្ចាស់ជ្រើសរើស។ ចូរធ្វើតាមពាក្យដែលពួកលោកណែនាំឲ្យបានឥតខ្ចោះ។
11. ចូរធ្វើឲ្យត្រឹមត្រូវតាមក្រឹត្យវិន័យ ដែលលោកទាំងនោះណែនាំ និងការវិនិច្ឆ័យដែលពួកលោកបានសម្រេច គឺត្រូវធ្វើតាមពាក្យដែលពួកលោកអារកាត់ ឥតលំអៀងឡើយ។