5. អ្នកមិនអាចថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅត្រង់កន្លែងណាមួយ ក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានមកអ្នកនោះឡើយ
6. គឺត្រូវថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ ចូរថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំនឹងពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។
7. ចូរចំអិនសាច់ដែលអ្នកថ្វាយជាយញ្ញបូជា ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។
8. អ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរជាថ្ងៃបុណ្យធំ សម្រាប់លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមិនត្រូវធ្វើកិច្ចការអ្វីនៅថ្ងៃនោះឡើយ»។
9. «ត្រូវគិតពីថ្ងៃដែលអ្នកចាប់ផ្ដើមច្រូតស្រូវទៅ ចំនួនប្រាំពីរសប្ដាហ៍*
10. រួចហើយ ចូរប្រារព្ធពិធីបុណ្យសប្ដាហ៍ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ពេលនោះ ចូរថ្វាយតង្វាយស្ម័គ្រចិត្ត ដោយគិតតាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។
11. ត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមព្រះអង្គ។
12. ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកាន់ និងប្រតិបត្តិតាមច្បាប់ទាំងនេះ»។
13. «ពេលណាអ្នកបោកបែនស្រូវ និងជាន់ផ្លែទំពាំងបាយជូររួចរាល់ហើយ ចូរប្រារព្ធពិធីបុណ្យបារាំ* ចំនួនប្រាំពីរថ្ងៃ។
14. ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។