8. ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយឲ្យខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។
9. ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូលព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។
10. ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
11. នៅក្នុងស្រុកតែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក ឲ្យមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ ទុគ៌ត នៅក្នុងស្រុក»។
12. «ប្រសិនបើមានបងប្អូនរបស់អ្នក ដែលជាជនជាតិហេប្រឺ ទោះបីប្រុស ឬស្រីក្ដី មកលក់ខ្លួនឲ្យអ្នក ត្រូវឲ្យគេនៅបម្រើអ្នកប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។
13. ប៉ុន្តែ កុំដោះលែងគេឲ្យទៅវិញ ដោយដៃទទេឡើយ។
14. ត្រូវយកភោគផលជាព្រះពរ ដែលអ្នកទទួលពីព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមានចៀម ស្រូវ និងស្រាទំពាំងបាយជូរ ផ្ដល់ជាអំណោយដល់គេផង។
15. ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកដូច្នេះ។
16. ប្រសិនបើខ្ញុំបម្រើរបស់អ្នកពោលថា គេមិនចង់ចេញពីផ្ទះរបស់អ្នក ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ព្រមទាំងពេញចិត្តនឹងរស់នៅជាមួយអ្នក
17. ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ នៅទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នករហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបម្រើដែរ។
18. ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្ដាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។