8. ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយឲ្យខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។
9. ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូលព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។
10. ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
11. នៅក្នុងស្រុកតែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក ឲ្យមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ ទុគ៌ត នៅក្នុងស្រុក»។
12. «ប្រសិនបើមានបងប្អូនរបស់អ្នក ដែលជាជនជាតិហេប្រឺ ទោះបីប្រុស ឬស្រីក្ដី មកលក់ខ្លួនឲ្យអ្នក ត្រូវឲ្យគេនៅបម្រើអ្នកប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។
13. ប៉ុន្តែ កុំដោះលែងគេឲ្យទៅវិញ ដោយដៃទទេឡើយ។