1. «ប្រាំពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។
2. ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។
3. អ្នកអាចទាមទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។
4. ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានជនក្រីក្រឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកកាន់កាប់ទុកជាចំណែកមត៌ក។
5. ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ។
6. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។
7. ក្នុងបណ្ដាក្រុងនៃស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។
8. ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយឲ្យខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។
9. ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូលព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។