23. ត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករហូតតទៅ។
24. ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ
25. ចូរលក់តង្វាយមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។
26. ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។
27. កុំភ្លេចពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នកឡើយ ដ្បិតគេគ្មានដីជាចំណែកមត៌កជាមួយអ្នកទេ។