ទុតិយ‌កថា 14:22-29 Khmer Standard Version (KHSV)

22. «រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​ចំនួន​មួយ​ភាគ​ដប់ ទុក​ជា​តង្វាយ។

23. ត្រូវ​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់ ដែល​អ្នក​ញែក​ចេញ​ពី​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រហូត​ត​ទៅ។

24. ប្រសិន​បើ​ផ្ទះ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ដែល​អ្នក​បាន​ទទួល ដោយ‌សារ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​ទេ​នោះ

25. ចូរ​លក់​តង្វាយ​មួយ​ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។

26. ពេល​ទៅ​ដល់ អ្នក​អាច​ទិញ​អ្វីៗ​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​គោ ចៀម ស្រា​ទំពាំង‌បាយជូរ ឬ​ស្រា​ផ្សេង​ទៀត គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​អ្នក​សប្បាយ​ចិត្ត រួច​បរិភោគ​ដោយ​រីក‌រាយ​ជា​មួយ​ក្រុម​គ្រួសារ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

27. កុំ​ភ្លេច​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​ឡើយ ដ្បិត​គេ​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក​ទេ។

28. បី​ឆ្នាំ​ម្ដង ត្រូវ​យក​ភោគ‌ផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ រំលែក​ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។

29. ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។

ទុតិយ‌កថា 14