19. អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនបរិសុទ្ធ គឺមិនត្រូវបរិភោគឡើយ។
20. អ្នករាល់គ្នាបរិភោគបានតែសត្វស្លាបណាដែលបរិសុទ្ធ។
21. មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
22. «រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នកចំនួនមួយភាគដប់ ទុកជាតង្វាយ។
23. ត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករហូតតទៅ។
24. ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ
25. ចូរលក់តង្វាយមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។
26. ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។
27. កុំភ្លេចពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នកឡើយ ដ្បិតគេគ្មានដីជាចំណែកមត៌កជាមួយអ្នកទេ។
28. បីឆ្នាំម្ដង ត្រូវយកភោគផលដែលអ្នកទទួលនៅឆ្នាំទីបី ចំនួនមួយភាគដប់ រំលែកចេញមកដាក់ក្នុងក្រុងដែលអ្នករស់នៅ។
29. ពេលនោះ ពួកលេវីដែលគ្មានដីជាចំណែកមត៌កជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូណ៌។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកបានចម្រុងចម្រើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។