ទុតិយ‌កថា 13:8-16 Khmer Standard Version (KHSV)

8. កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្ដាប់​តាម​គេ​ឡើយ។ កុំ​អាណិត​អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ការពារ​គេ​ដែរ។

9. ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​ប្រហារ​តាម​ក្រោយ។

10. ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់‌ទាញ​អ្នក​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

11. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

12. ក្នុង​បណ្ដា​ក្រុង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា

13. មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។

14. ពេល​នោះ អ្នក​ត្រូវ​ស៊ើប‌សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​ច្បាស់​លាស់​ថា តើ​ការ​នោះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន

15. ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​កម្ទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។

16. ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្ដាល​ទី‌លាន​ក្រុង រួច​ដុត​កម្ទេច​ក្រុង​ជា​មួយ​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន​រហូត​ត​ទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។

ទុតិយ‌កថា 13