1. «ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានព្យាការី ឬគ្រូទាយឆុតណាម្នាក់ ប្រកាសអំពីទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍អ្វីមួយ
2. បើទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍នោះកើតមានមែន តែជននោះបបួលអ្នកទៅជំពាក់ចិត្ត និងគោរពបម្រើព្រះដទៃទៀតដែលអ្នករាល់គ្នាពុំស្គាល់
3. កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។
4. ចូរជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរកោតខ្លាចព្រះអង្គ កាន់តាមបទបញ្ជារបស់ព្រះអង្គ ស្ដាប់បង្គាប់ព្រះអង្គ ហើយគោរពបម្រើព្រះអង្គ និងស្រឡាញ់តែព្រះអង្គមួយប៉ុណ្ណោះ។
5. រីឯព្យាការី ឬគ្រូទាយឆុតនោះវិញ ត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបាននិយាយបំផុសបំផុលប្រជាជន ឲ្យបះបោរប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសភាព។ ជននោះចង់នាំអ្នកចេញពីមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកដើរតាម។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
6. ប្រសិនបើបងប្អូនបង្កើតរបស់អ្នក ឬកូនប្រុស កូនស្រី ឬភរិយាជាទីស្រឡាញ់របស់អ្នក ឬក៏មិត្តភក្ដិដ៏ជិតស្និទ្ធរបស់អ្នក មកបបួលអ្នកដោយស្ងាត់ៗឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់
7. គឺព្រះរបស់ជាតិសាសន៍នានាដែលនៅជុំវិញអ្នក ទោះបីនៅជិត ឬឆ្ងាយដាច់ស្រយាលក្ដី
8. កុំយល់ស្របជាមួយគេ កុំស្ដាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីជននោះឲ្យសោះ ហើយក៏មិនត្រូវការពារគេដែរ។