9. ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្ត ជាទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកេរមត៌កនៅឡើយទេ។
10. អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ទៅរស់នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ទុកជាកេរមត៌ក។ ព្រះអង្គនឹងឲ្យអ្នករាល់គ្នាបានសម្រាក ដោយរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។
11. ពេលនោះ អ្នករាល់គ្នាត្រូវយកតង្វាយទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ គឺមានតង្វាយដុតទាំងមូលយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស និងតង្វាយផ្សេងៗ ដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។
12. អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។
13. ចូរប្រយ័ត្ន មិនត្រូវយកតង្វាយដុតរបស់អ្នកទៅថ្វាយនៅតាមកន្លែងទាំងប៉ុន្មាន ដែលអ្នកឃើញនោះឡើយ
14. គឺត្រូវថ្វាយតង្វាយដុតរបស់អ្នក តែនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាមនូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។
15. ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរឲ្យអ្នកទៅរស់នៅ អ្នកអាចសម្លាប់សត្វបរិភោគ តាមចិត្តប៉ងប្រាថ្នា។ មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធអាចបរិភោគសាច់នេះ ដូចជាបរិភោគសាច់ក្ដាន់ ឬសាច់ឈ្លូសដែរ។
16. ចំណែកឯឈាមវិញ កុំបរិភោគឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក។
17. រីឯតង្វាយមួយភាគដប់ដែលអ្នកត្រូវថ្វាយព្រះអម្ចាស់ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬតង្វាយផ្សេងៗទៀត ដូចជាតង្វាយលាបំណន់ តង្វាយស្ម័គ្រចិត្ត និងតង្វាយពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។
18. ត្រូវបរិភោគតង្វាយទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក។ ត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយសារភោគផលទាំងប៉ុន្មានដែលអ្នកទទួល។
19. ដរាបណាអ្នករស់នៅលើទឹកដីរបស់អ្នក ចូរប្រយ័ត្ន កុំបំភ្លេចពួកលេវីឡើយ។