24. កុំបរិភោគឈាមឲ្យសោះ ចូរចាក់ឈាមទៅលើដី ដូចគេចាក់ទឹក។
25. កុំបរិភោគឈាមឲ្យសោះ ធ្វើដូច្នេះ អ្នក និងកូនចៅរបស់អ្នកនៅជំនាន់ក្រោយ មុខជាមានសុភមង្គល ដោយប្រព្រឹត្តអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់។
26. ចំណែកឯសត្វដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ឬតង្វាយលាបំណន់ ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។
27. ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាមទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចអ្នកបរិភោគសាច់ចុះ។
28. ចូរស្ដាប់ និងកាន់តាមព្រះបន្ទូលទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។
29. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងកំចាត់ប្រជាជាតិនានាចេញអស់ពីស្រុក ដែលអ្នកត្រូវចូលទៅកាន់កាប់។ ពេលនោះ អ្នកអាចបណ្ដេញពួកគេចេញពីស្រុក រួចចូលទៅរស់នៅក្នុងស្រុករបស់ពួកគេ។
30. ពេលណាប្រជាជាតិទាំងនោះរលាយសូន្យបាត់ពីមុខរបស់អ្នកហើយ ចូរប្រយ័ត្ន ក្រែងលោអ្នកធ្លាក់ទៅក្នុងអន្ទាក់ ដោយយកតម្រាប់តាមពួកគេ។ មិនត្រូវសាកសួរចង់ដឹងអំពីព្រះរបស់ពួកគេ ហើយក៏មិនត្រូវសួរអំពីរបៀបដែលពួកគេគោរពបម្រើព្រះរបស់ខ្លួន ក្នុងគោលបំណងធ្វើដូចពួកគេដែរ។
31. មិនត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក តាមរបៀបថ្វាយបង្គំព្រះរបស់ប្រជាជាតិនានាឡើយ។ ប្រជាជាតិទាំងនោះប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ដើម្បីគោរពបម្រើព្រះរបស់ខ្លួនជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។ សូម្បីតែកូនប្រុសកូនស្រីរបស់ពួកគេ ក៏ពួកគេយកទៅដុតជាសក្ការបូជាដល់ព្រះទាំងនោះដែរ។
32. ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា ដោយឥតបន្ថែម ឬបន្ថយអ្វីឡើយ»។