21. ប្រសិនបើកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសសម្រាប់សម្តែងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះអម្ចាស់ប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុក រួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅ តាមចិត្តប៉ងប្រាថ្នា។
22. ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគដូចគ្នា។
23. ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
24. កុំបរិភោគឈាមឲ្យសោះ ចូរចាក់ឈាមទៅលើដី ដូចគេចាក់ទឹក។
25. កុំបរិភោគឈាមឲ្យសោះ ធ្វើដូច្នេះ អ្នក និងកូនចៅរបស់អ្នកនៅជំនាន់ក្រោយ មុខជាមានសុភមង្គល ដោយប្រព្រឹត្តអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់។
26. ចំណែកឯសត្វដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ឬតង្វាយលាបំណន់ ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។
27. ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាមទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចអ្នកបរិភោគសាច់ចុះ។
28. ចូរស្ដាប់ និងកាន់តាមព្រះបន្ទូលទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។
29. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងកំចាត់ប្រជាជាតិនានាចេញអស់ពីស្រុក ដែលអ្នកត្រូវចូលទៅកាន់កាប់។ ពេលនោះ អ្នកអាចបណ្ដេញពួកគេចេញពីស្រុក រួចចូលទៅរស់នៅក្នុងស្រុករបស់ពួកគេ។