17. រីឯតង្វាយមួយភាគដប់ដែលអ្នកត្រូវថ្វាយព្រះអម្ចាស់ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬតង្វាយផ្សេងៗទៀត ដូចជាតង្វាយលាបំណន់ តង្វាយស្ម័គ្រចិត្ត និងតង្វាយពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។
18. ត្រូវបរិភោគតង្វាយទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក។ ត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយសារភោគផលទាំងប៉ុន្មានដែលអ្នកទទួល។
19. ដរាបណាអ្នករស់នៅលើទឹកដីរបស់អ្នក ចូរប្រយ័ត្ន កុំបំភ្លេចពួកលេវីឡើយ។
20. នៅពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគតាមចិត្តប៉ងប្រាថ្នា។
21. ប្រសិនបើកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសសម្រាប់សម្តែងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះអម្ចាស់ប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុក រួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅ តាមចិត្តប៉ងប្រាថ្នា។
22. ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគដូចគ្នា។
23. ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។