ទុតិយ‌កថា 11:4-15 Khmer Standard Version (KHSV)

4. ព្រះ‌អង្គ​បាន​ប្រហារ​កង‌ទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចំបាំង ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​កក់ គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បរា‌ជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃ។

5. ព្រះ‌អង្គ​បាន​ជួយ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ។

6. ព្រះ‌អង្គ​បាន​ប្រហារ​ដាថាន និង​អប៊ី‌រ៉ាម ជា​កូន​របស់​អេលាប ក្នុង​កុល‌សម្ព័ន្ធ​រូបេន ដោយ​ឲ្យ​ដី​ស្រូប​ពួក​គេ ទាំង​ក្រុម​គ្រួសារ ទាំង​តង់ត៍ និង​អស់​អ្នក​ដែល​សម​គំនិត​ជា​មួយ​ពួក​គេ នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។

7. អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។

8. ដូច្នេះ ត្រូវ​កាន់​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្មសិទ្ធិ

9. ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ‌ពង្ស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ»។

10. «ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ​មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។

11. រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចម្ការ។

12. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជា‌និច្ច។

13. ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត

14. “យើង​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគ‌ផល គឺ​ស្រូវ​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។

15. យើង​នឹង​ធ្វើ​ឲ្យ​ស្មៅ​ដុះ​នៅ​តាម​ទីវាល សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។

ទុតិយ‌កថា 11