4. ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ ព្រះអម្ចាស់បានធ្វើឲ្យគេបរាជ័យ រហូតមកដល់សព្វថ្ងៃ។
5. ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។
6. ព្រះអង្គបានប្រហារដាថាន និងអប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយឲ្យដីស្រូបពួកគេ ទាំងក្រុមគ្រួសារ ទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។
7. អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវការអស្ចារ្យដ៏ធំៗ ដែលព្រះអម្ចាស់បានធ្វើ។
8. ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ
9. ហើយឲ្យអ្នករាល់គ្នាមានអាយុយឺនយូរនៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងអ្នករាល់គ្នាដែលជាពូជពង្ស គឺស្រុកដ៏សម្បូណ៌សប្បាយ»។
10. «ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះមិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។