14. “យើងនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ។ ពេលនោះ អ្នកនឹងប្រមូលបានភោគផល គឺស្រូវស្រាទំពាំងបាយជូរថ្មី និងប្រេង។
15. យើងនឹងធ្វើឲ្យស្មៅដុះនៅតាមទីវាល សម្រាប់ហ្វូងសត្វរបស់អ្នកដែរ។ ដូច្នេះ អ្នកមានអាហារបរិភោគយ៉ាងបរិបូណ៌”។
16. ចូរប្រយ័ត្ន កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីព្រះអម្ចាស់ ទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។
17. បើមិនដូច្នេះទេ ព្រះអម្ចាស់មុខជាព្រះពិរោធទាស់នឹងអ្នករាល់គ្នា ព្រះអង្គនឹងបង្ខាំងមេឃ មិនឲ្យបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា។
18. ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ដក់នៅក្នុងចិត្ត ក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា។
19. ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរ ពេលអ្នកចូលដំណេក និងពេលក្រោកពីដំណេក។
20. ចូរសរសេរព្រះបន្ទូលនេះនៅលើក្របទ្វារផ្ទះរបស់អ្នក និងលើក្លោងទ្វារក្រុង។
21. ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។