ទុតិយ‌កថា 11:10-23 Khmer Standard Version (KHSV)

10. «ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ​មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។

11. រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចម្ការ។

12. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជា‌និច្ច។

13. ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត

14. “យើង​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគ‌ផល គឺ​ស្រូវ​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។

15. យើង​នឹង​ធ្វើ​ឲ្យ​ស្មៅ​ដុះ​នៅ​តាម​ទីវាល សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។

16. ចូរ​ប្រយ័ត្ន កុំ​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឡើយ។

17. បើ​មិន​ដូច្នេះ​ទេ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​បង្ខាំង​មេឃ មិន​ឲ្យ​បង្អុរ​ភ្លៀង រីឯ​ដី​ក៏​មិន​បង្កើត​ភោគ‌ផល ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​យ៉ាង​ឆាប់ៗ នៅ​ក្នុង​ស្រុក​ដ៏​ល្អ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា។

18. ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជា‌និច្ច។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។

19. ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

20. ចូរ​សរសេរ​ព្រះ‌បន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។

21. ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។

22. ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ

23. ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្មសិទ្ធិ។

ទុតិយ‌កថា 11