ទុតិយ‌កថា 10:6-13 Khmer Standard Version (KHSV)

6. ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ប្អៀរ៉ូត-‌បេនេ‌យ៉ា‌កាន​ឆ្ពោះ​ទៅ​ម៉ូសេ‌រ៉ា។ នៅ​ទី​នោះ លោក​អើរ៉ុន​បាន​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​បញ្ចុះ​សព​លោក។ លោក​អេ‌ឡា‌សារ ជា​កូន បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ​បន្ត​ពី​លោក។

7. បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​គុត‌កូថា ហើយ​ចេញ​ពី​គុត‌កូថា ឆ្ពោះ​ទៅ​កាន់​យ៉ុត‌បា‌ថា ជា​ស្រុក​ដែល​មាន​ទឹក​អូរ​ច្រើន។

8. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​បម្រើ​ព្រះ‌អង្គ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

9. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក​មត៌ក​អ្វី រួម​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មាន​ព្រះ‌បន្ទូល​ប្រាប់​ពួក​គេ។

10. «ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ​ចំនួន​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​ដូច​ពី​មុន។ ព្រះ‌អម្ចាស់​យល់​ព្រម​ស្ដាប់​តាម​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​សា​ជា​ថ្មី ព្រះ‌អង្គ​មិន​ចង់​បំផ្លាញ​អ្នក​ទេ។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជា‌ជន​នេះ។ ចូរ​ឲ្យ​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា នឹង​ប្រគល់​ឲ្យ​ពួក​គេ”»។

12. ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។

13. ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​ផ្សេងៗ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភមង្គល។

ទុតិយ‌កថា 10