5. ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
6. ជនជាតិអ៊ីស្រាអែលចេញដំណើរពីប្អៀរ៉ូត-បេនេយ៉ាកានឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអើរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។
7. បន្ទាប់មក ពួកគេចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា ជាស្រុកដែលមានទឹកអូរច្រើន។
8. នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ឲ្យពួកគេបម្រើព្រះអង្គ និងជូនពរដល់ប្រជាជនក្នុងនាមព្រះអង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។
9. ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក មានព្រះបន្ទូលប្រាប់ពួកគេ។
10. «ខ្ញុំស្ថិតនៅលើភ្នំចំនួនសែសិបថ្ងៃ សែសិបយប់ដូចពីមុន។ ព្រះអម្ចាស់យល់ព្រមស្ដាប់តាមពាក្យទូលអង្វររបស់ខ្ញុំសាជាថ្មី ព្រះអង្គមិនចង់បំផ្លាញអ្នកទេ។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “ចូរក្រោកឡើង ដើរនាំមុខប្រជាជននេះ។ ចូរឲ្យពួកគេចូលកាន់កាប់ទឹកដី ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឲ្យពួកគេ”»។
12. ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
13. ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកកាន់តាមបទបញ្ជា និងច្បាប់ផ្សេងៗរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។
14. ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។