4. ព្រះអម្ចាស់បានចារសេចក្ដីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលព្រះអង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលអ្នករាល់គ្នាជួបជុំគ្នា រួចហើយព្រះអម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។
5. ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
6. ជនជាតិអ៊ីស្រាអែលចេញដំណើរពីប្អៀរ៉ូត-បេនេយ៉ាកានឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអើរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។
7. បន្ទាប់មក ពួកគេចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា ជាស្រុកដែលមានទឹកអូរច្រើន។
8. នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ឲ្យពួកគេបម្រើព្រះអង្គ និងជូនពរដល់ប្រជាជនក្នុងនាមព្រះអង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។
9. ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក មានព្រះបន្ទូលប្រាប់ពួកគេ។
10. «ខ្ញុំស្ថិតនៅលើភ្នំចំនួនសែសិបថ្ងៃ សែសិបយប់ដូចពីមុន។ ព្រះអម្ចាស់យល់ព្រមស្ដាប់តាមពាក្យទូលអង្វររបស់ខ្ញុំសាជាថ្មី ព្រះអង្គមិនចង់បំផ្លាញអ្នកទេ។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “ចូរក្រោកឡើង ដើរនាំមុខប្រជាជននេះ។ ចូរឲ្យពួកគេចូលកាន់កាប់ទឹកដី ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឲ្យពួកគេ”»។
12. ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
13. ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកកាន់តាមបទបញ្ជា និងច្បាប់ផ្សេងៗរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។
14. ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
15. ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។
16. ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសឲ្យសោះ
17. ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយព្រះចេស្ដា និងគួរឲ្យស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។
18. ព្រះអង្គរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឲ្យពួកគេ។