4. គឺនៅក្រោយពេលលោកមានជ័យជំនះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។
5. កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមបង្រៀនក្រឹត្យវិន័យ*ដូចតទៅ៖
6. «ព្រះអម្ចាស់ជាព្រះនៃយើង មានព្រះបន្ទូលមកយើង នៅភ្នំហោរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។
7. ដូច្នេះ ចូរនាំគ្នាចេញដំណើរទៅមុខទៀត ឆ្ពោះទៅស្រុកភ្នំរបស់ជនជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំវិញ ព្រមទាំងតំបន់អារ៉ាបា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។
8. មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាព្រះអម្ចាស់បានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
9. នៅគ្រានោះ ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាថា “ខ្លួនខ្ញុំតែម្នាក់ពុំអាចទទួលខុសត្រូវលើអ្នករាល់គ្នាទេ។
10. ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាកើនចំនួនឡើង ហើយសព្វថ្ងៃ អ្នករាល់គ្នាមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។
11. សូមព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យអ្នករាល់គ្នាកើនចំនួនមួយពាន់ដងលើសនេះទៅទៀត សូមព្រះអង្គប្រទានពរអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាចំពោះអ្នករាល់គ្នាស្រាប់ហើយ។
12. ប៉ុន្តែ ខ្លួនខ្ញុំម្នាក់ឯងពុំអាចទទួលបន្ទុកដោះស្រាយបញ្ហាក្ដីក្ដាំ និងជម្លោះរបស់អ្នករាល់គ្នាបានទេ។
13. ហេតុនេះ ចូរជ្រើសរើសមនុស្សដែលមានប្រាជ្ញា និងការយល់ដឹង ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ខ្ញុំនឹងតែងតាំងលោកទាំងនោះឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា”។
14. ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់លោកសមហេតុសមផលណាស់”។
15. ខ្ញុំក៏បានជ្រើសរើសមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែងតាំងឲ្យធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហាសិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងឲ្យមានពួកតំរួតមើលខុសត្រូវលើកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
16. នៅគ្រានោះ ខ្ញុំបានបញ្ជាដល់ពួកចៅក្រមរបស់អ្នករាល់គ្នាថា “ចូរយកចិត្តទុកដាក់ស្ដាប់បងប្អូនរបស់អ្នករាល់គ្នា នៅពេលពួកគេមានរឿងរ៉ាវជាមួយជនរួមជាតិរបស់ខ្លួន ឬជាមួយជនបរទេស ត្រូវកាត់ក្ដីឲ្យពួកគេម្នាក់ៗដោយយុត្តិធម៌។