29. ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “កុំភ័យតក់ស្លុត ហើយកុំខ្លាចពួកគេឡើយ។
30. ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។
31. ក្រោយមក នៅវាលរហោស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើររហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បីអ្នក ដូចឪពុកបីកូន។
32. ប៉ុន្តែ នៅគ្រានោះ អ្នករាល់គ្នាពុំបានទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ
33. ថ្វីដ្បិតតែព្រះអង្គយាងនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ។ ព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំពពក* នៅពេលថ្ងៃ”។
34. ពេលឮពាក្យអ្នករាល់គ្នារអ៊ូរទាំ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
35. “ក្នុងចំណោមមនុស្សដ៏អាក្រក់នៅជំនាន់នេះ គ្មាននរណាម្នាក់អាចឃើញស្រុកដ៏ល្អ ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នាឡើយ
36. លើកលែងតែកាលែប ជាកូនរបស់យេភូនេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះឲ្យគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមព្រះអម្ចាស់ ឥតល្អៀងត្រង់ណាឡើយ”។
37. ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ក៏ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សូម្បីតែអ្នកក៏មិនចូលទៅស្រុកនោះដែរ។
38. សហការីរបស់អ្នក គឺយ៉ូស្វេ ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះគាត់នឹងនាំជនជាតិអ៊ីស្រាអែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។
39. រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នាដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកឲ្យពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។
40. ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។