25. ពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង ជាស្រុកល្អណាស់”។
26. ក៏ប៉ុន្តែ អ្នករាល់គ្នាពុំព្រមឡើងទៅស្រុកនោះទេ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
27. អ្នករាល់គ្នារអ៊ូរទាំក្នុងតង់ត៍របស់អ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់ស្អប់ពួកយើងហើយ បានជាព្រះអង្គនាំពួកយើងចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី និងកម្ទេចពួកយើង។
28. តើឲ្យយើងខ្ញុំឡើងទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបងប្អូនរបស់យើងខ្ញុំរាយការណ៍ប្រាប់ពួកយើង ថាប្រជាជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអណាក់ នៅស្រុកនោះដែរ”។
29. ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “កុំភ័យតក់ស្លុត ហើយកុំខ្លាចពួកគេឡើយ។
30. ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។