13. ហេតុនេះ ចូរជ្រើសរើសមនុស្សដែលមានប្រាជ្ញា និងការយល់ដឹង ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ខ្ញុំនឹងតែងតាំងលោកទាំងនោះឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា”។
14. ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់លោកសមហេតុសមផលណាស់”។
15. ខ្ញុំក៏បានជ្រើសរើសមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែងតាំងឲ្យធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហាសិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងឲ្យមានពួកតំរួតមើលខុសត្រូវលើកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
16. នៅគ្រានោះ ខ្ញុំបានបញ្ជាដល់ពួកចៅក្រមរបស់អ្នករាល់គ្នាថា “ចូរយកចិត្តទុកដាក់ស្ដាប់បងប្អូនរបស់អ្នករាល់គ្នា នៅពេលពួកគេមានរឿងរ៉ាវជាមួយជនរួមជាតិរបស់ខ្លួន ឬជាមួយជនបរទេស ត្រូវកាត់ក្ដីឲ្យពួកគេម្នាក់ៗដោយយុត្តិធម៌។
17. ក្នុងការកាត់ក្ដីកុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្ដាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាឲ្យសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើព្រះជាម្ចាស់។ ប្រសិនបើរឿងរ៉ាវនោះពិបាកកាត់ក្ដីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីឲ្យខ្ញុំពិនិត្យមើល”។
18. នៅគ្រានោះ ខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា អំពីច្បាប់ទម្លាប់ទាំងប៉ុន្មានដែលអ្នករាល់គ្នាត្រូវអនុវត្តតាម»។
19. «បន្ទាប់មក យើងចាកចេញពីភ្នំហោរែបឆ្លងកាត់វាលរហោស្ថានទាំងមូលនេះ ជាវាលរហោស្ថានដ៏ធំគួរឲ្យស្ញែងខ្លាច ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ យើងធ្វើដំណើរឆ្ពោះទៅភ្នំរបស់ជនជាតិអាម៉ូរី ដូចព្រះអម្ចាស់ជាព្រះនៃយើងបានបង្គាប់។ ពេលមកដល់កាដេស-បារនា
20. ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “អ្នករាល់គ្នាមកដល់ភ្នំរបស់ជនជាតិអាម៉ូរី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង។
21. មើល៍ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ស្រុកនេះឲ្យអ្នកហើយ ចូរឡើងទៅកាន់កាប់តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់ស្លុតឡើយ!”។
22. ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។
23. ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយឲ្យទៅ។
24. ពួកគេក៏នាំគ្នាចេញដំណើរតម្រង់ទៅតំបន់ភ្នំ រហូតដល់ជ្រលងភ្នំអែសកុល រួចពិនិត្យមើលស្រុក។
25. ពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង ជាស្រុកល្អណាស់”។