10. ទោះបីយ៉ាងនេះក្ដី ក៏នរ-អាម៉ូនត្រូវខ្មាំងកៀរទៅជាឈ្លើយដែរ។ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នាមេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
11. ចំណែកឯនាងវិញក៏ដូច្នោះដែរនាងនឹងឈឺចាប់យ៉ាងខ្លាំង នាងនឹងលិចលង់នាងនឹងស្វែងរកកន្លែងពួនឲ្យរួចផុតពីខ្មាំងសត្រូវ។
12. បន្ទាយទាំងប៉ុន្មានរបស់នាងប្រៀបបីដូចជាផ្លែឧទុម្ពរទុំពេលគេអង្រួនដើមវាផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែលចង់បរិភោគ។
13. កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះទ្វារកំពែងរបស់នាងនឹងបើកចំហឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
14. ក្រុងនីនីវេអើយ ចូរដងទឹកបង្ការទុកទៅដ្បិតសត្រូវឡោមព័ទ្ធអ្នកហើយ!ចូរជួសជុលកំពែងក្រុងចូរចុះទៅក្នុងភក់ ចូររៀបចំដីឥដ្ឋនិងរៀបចំឡដុតឥដ្ឋឡើងវិញ។
15. ប៉ុន្តែ អ្នកនឹងបាត់បង់ជីវិតនៅក្នុងភ្លើងអ្នកនឹងស្លាប់ដោយមុខដាវដូចស្លឹកឈើត្រូវដង្កូវស៊ីបង្ហិន។ចូរប្រមូលផ្ដុំគ្នាដូចដង្កូវចូរប្រមូលផ្ដុំគ្នាដូចចង្រិត!
16. ពួកជំនួញរបស់អ្នកមានចំនួនច្រើនជាងផ្កាយនៅលើមេឃទៅទៀតពួកគេប្រៀបដូចជាចង្រិតត្រដាងស្លាបហើរចេញទៅ។
17. នាម៉ឺនរបស់អ្នកមានចំនួនច្រើនដូចហ្វូងកណ្ដូបពួករាជការរបស់អ្នកមានចំនួនច្រើនដូចឃ្មុំដែលធ្វើសំបុកតាមរបងផ្ទះនៅពេលរងា។ពេលថ្ងៃរះវាហើរទៅបាត់អស់គ្មាននរណាដឹងថា វាធ្លាប់ទំនៅកន្លែងណាទេ។
18. ស្ដេចស្រុកអាស្ស៊ីរីអើយមេទ័ពរបស់អ្នកស្លាប់បាត់អស់ហើយនាយទាហានរបស់អ្នកក៏លែងកំរើករហូតកងពលរបស់អ្នកខ្ចាត់ព្រាត់ទៅនៅតាមភ្នំគ្មាននរណាប្រមូលផ្ដុំពួកគេឡើយ។
19. គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នកនឹងនាំគ្នាទះដៃអរដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវអំពើឃោរឃៅរបស់អ្នក។