1. វេទនាហើយក្រុងដែលប្រឡាក់ដោយឈាមហើយមានការកុហក អំពើឃោរឃៅនិងការលួចប្លន់គ្រប់ទីកន្លែង។
2. ស្ដាប់ចុះ ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំងទ័ពសេះបោលយ៉ាងលឿនរទេះចំបាំងបោះពួយទៅមុខ។
3. កងទ័ពសេះវាយសម្រុកចូលមកមុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេកប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែងសាកសពគរលើគ្នា។ចំនួនមនុស្សស្លាប់មានច្រើនឥតគណនាដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។
4. ហេតុការណ៍នេះកើតមានព្រោះតែអំពើពេស្យាចាររបស់ក្រុងនីនីវេដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាតហើយពូកែដាក់ស្នេហ៍។នាងបង្ក្រាបប្រជាជាតិ និងកុលសម្ព័ន្ធនានាដោយអំពើពេស្យាចារ និងស្នេហ៍របស់នាង។
5. នីនីវេអើយ យើងប្រឆាំងនឹងនាងហើយ!យើងនឹងលាត់សំពត់នាងឡើងរហូតដល់ក្បាលយើងនឹងឲ្យប្រជាជាតិនានាឃើញកេរខ្មាសរបស់នាងនិងឲ្យនគរទាំងឡាយឃើញភាពអាម៉ាស់របស់នាង។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
6. យើងនឹងបោះសំរាមលើនាងយើងនឹងឲ្យនាងធ្លាក់ក្នុងភក់ជ្រាំទុកជាការព្រមានដល់អ្នកឯទៀតៗ។
7. ពេលគេឃើញនាង គេនឹងរត់ចេញឆ្ងាយទាំងពោលថា:“នីនីវេវិនាសហើយ គ្មាននរណាអាណិតនាងគ្មាននរណាសម្រាលទុក្ខនាងទេ!”។
8. នីនីវេអើយ នាងមិនប្រសើរជាងនរ-អាម៉ូនជាក្រុងស្ថិតនៅតាមដៃទន្លេ មានទឹកព័ទ្ធជុំវិញព្រមទាំងមានសមុទ្រធ្វើជាកំពែងនោះឡើយ។
9. ស្រុកអេត្យូពី និងស្រុកអេស៊ីបជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេរីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ីក៏ជាបរិវាររបស់គេដែរ។
10. ទោះបីយ៉ាងនេះក្ដី ក៏នរ-អាម៉ូនត្រូវខ្មាំងកៀរទៅជាឈ្លើយដែរ។ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នាមេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
11. ចំណែកឯនាងវិញក៏ដូច្នោះដែរនាងនឹងឈឺចាប់យ៉ាងខ្លាំង នាងនឹងលិចលង់នាងនឹងស្វែងរកកន្លែងពួនឲ្យរួចផុតពីខ្មាំងសត្រូវ។
12. បន្ទាយទាំងប៉ុន្មានរបស់នាងប្រៀបបីដូចជាផ្លែឧទុម្ពរទុំពេលគេអង្រួនដើមវាផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែលចង់បរិភោគ។