14. ព្រះអម្ចាស់មិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។
15. ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីបដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយព្រះអង្គបានធ្វើឲ្យព្រះកិត្តិនាមរបស់ព្រះអង្គល្បីរន្ទឺដូចសព្វថ្ងៃ តែយើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយមានទោស។
16. ឱព្រះអម្ចាស់អើយ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែសុចរិតទាំងអស់ ហេតុនេះ សូមបំបែរព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ចេញពីក្រុងយេរូសាឡឹម និងចេញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតសាសន៍ទាំងឡាយដែលនៅជុំវិញយើងខ្ញុំ នាំគ្នាមាក់ងាយក្រុងយេរូសាឡឹម និងប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងកំហុសរបស់បុព្វបុរសយើងខ្ញុំ។
17. ឱព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំដែលជាអ្នកបម្រើព្រះអង្គផង។ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមសម្តែងព្រះហឫទ័យប្រណីមេត្តាចំពោះទីសក្ការៈរបស់ព្រះអង្គ ដែលត្រូវគេបំផ្លាញនេះផង។
18. ឱព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទតមើលក្រុងបាក់បែក ដែលជាព្រះដំណាក់របស់ព្រះអង្គនេះផង! យើងខ្ញុំអង្វរព្រះអង្គ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើព្រះហឫទ័យអាណិតអាសូរដ៏ធំធេងរបស់ព្រះអង្គ។
19. ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ”។
20. ខ្ញុំបានរៀបរាប់ទូលអង្វរព្រះអង្គតទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រាអែល ហើយខ្ញុំក៏បានទូលអង្វរព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
21. ពេលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ ស្រាប់តែទេវតា*កាព្រីយ៉ែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលថ្វាយតង្វាយវេលាល្ងាច។