1. នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាបុត្ររបស់ព្រះចៅអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានអភិសេកជាស្ដេចរបស់រាជាណាចក្រខាល់ដេ
2. គឺឆ្នាំទីមួយដែលទ្រង់ឡើងគ្រងរាជ្យ ខ្ញុំ ដានីយ៉ែល បានអានព្រះគម្ពីរ ហើយយល់អត្ថន័យនៃចំនួនឆ្នាំដែលព្រះអម្ចាស់ មានព្រះបន្ទូលទុកតាមរយៈព្យាការីយេរេមា ស្ដីអំពីក្រុងយេរូសាឡឹមដែលត្រូវខូចបង់នោះ គឺចិតសិបឆ្នាំ។
3. ខ្ញុំក៏បែរមុខទៅរកព្រះជាអម្ចាស់ ដើម្បីអធិស្ឋានទទូចអង្វរព្រះអង្គ ដោយតមអាហារ និងកាន់ទុក្ខ។
4. ខ្ញុំទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ:“បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ!