1. នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាបុត្ររបស់ព្រះចៅអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានអភិសេកជាស្ដេចរបស់រាជាណាចក្រខាល់ដេ
2. គឺឆ្នាំទីមួយដែលទ្រង់ឡើងគ្រងរាជ្យ ខ្ញុំ ដានីយ៉ែល បានអានព្រះគម្ពីរ ហើយយល់អត្ថន័យនៃចំនួនឆ្នាំដែលព្រះអម្ចាស់ មានព្រះបន្ទូលទុកតាមរយៈព្យាការីយេរេមា ស្ដីអំពីក្រុងយេរូសាឡឹមដែលត្រូវខូចបង់នោះ គឺចិតសិបឆ្នាំ។
3. ខ្ញុំក៏បែរមុខទៅរកព្រះជាអម្ចាស់ ដើម្បីអធិស្ឋានទទូចអង្វរព្រះអង្គ ដោយតមអាហារ និងកាន់ទុក្ខ។
4. ខ្ញុំទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ:“បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ!
5. យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរ ហើយយើងខ្ញុំបានងាកចេញពីបទបញ្ជា និងវិន័យរបស់ព្រះអង្គ។
6. យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់អស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងព្រះបន្ទូលក្នុងនាមព្រះអង្គថ្វាយស្ដេច ប្រាប់នាម៉ឺន បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។
7. បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រាអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលព្រះអង្គបណ្ដេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះព្រះអង្គ។
8. បពិត្រព្រះអម្ចាស់ យើងខ្ញុំទាំងអស់គ្នា ទាំងស្ដេច ទាំងនាម៉ឺន ទាំងបុព្វបុរស ត្រូវអាម៉ាស់មុខ ព្រោះតែយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
9. ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។
10. យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលព្រះអង្គប្រទានមកយើងខ្ញុំ តាមរយៈអស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។
11. ជនជាតិអ៊ីស្រាអែលទាំងមូលបានបំពានលើក្រឹត្យវិន័យរបស់ព្រះអង្គ ហើយងាកចេញ ពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
12. ព្រះអង្គបានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះអង្គធ្វើឲ្យទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើងដូចទុក្ខវេទនា ដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។
13. ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ តែយើងខ្ញុំពុំបានទូលអង្វរសុំសេចក្ដីសន្ដោសពីព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។
14. ព្រះអម្ចាស់មិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។