ដានី‌យ៉ែល 9:1-10 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ជា​បុត្រ​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​អភិសេក​ជា​ស្ដេច​របស់​រាជា‌ណាចក្រ​ខាល់ដេ

2. គឺ​ឆ្នាំ​ទី​មួយ​ដែល​ទ្រង់​ឡើង​គ្រង​រាជ្យ ខ្ញុំ ដានី‌យ៉ែល បាន​អាន​ព្រះ‌គម្ពីរ ហើយ​យល់​អត្ថ‌ន័យ​នៃ​ចំនួន​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ទុក​តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិត‌សិប​ឆ្នាំ។

3. ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌ជា‌អម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះ‌អង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។

4. ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះ‌អង្គ​ដូច​ត​ទៅ:“បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះ‌អង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ!

5. យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះ‌បោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ។

6. យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អង្គ​ថ្វាយ​ស្ដេច ប្រាប់​នាម៉ឺន បុព្វបុរស និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។

7. បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ព្រះ‌អង្គ​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អង្គ។

8. បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វបុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

9. ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច។

10. យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ។

ដានី‌យ៉ែល 9