ដានី‌យ៉ែល 8:2-17 Khmer Standard Version (KHSV)

2. ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។

3. ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។

4. ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជា‌និច្ច។

5. ពេល​ខ្ញុំ​កំពុង​តែ​រិះគិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែនដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញប់‌ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។

6. ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សម្រុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។

7. ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កម្ទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។

8. ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។

9. មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត។

10. បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​ស្ថាន‌សួគ៌ ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។

11. ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ព្រះ‌ម្ចាស់‌សួគ៌ វា​ហាម​គេ​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​បន្ថោក​ទី‌សក្ការៈ​ថែម​ទៀត​ផង។

12. កង‌ពល និង​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

13. ខ្ញុំ​បាន​ឮ​អ្នក​ដ៏‌វិសុទ្ធ​មួ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏‌វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទី‌សក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា»។

14. គាត់​ពោល​មក​ខ្ញុំ​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​ខាន​បាន​ថ្វាយ​យញ្ញ‌បូជា​ពីរ​ពាន់​បី​រយ​ដង ដោយ​គិត​ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក គេ​នឹង​រៀបចំ​ទី‌សក្ការៈ​ឡើង​វិញ»។

15. នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះគិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ

16. ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «កាព្រី‌យ៉ែល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។

17. លោក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បុត្រ​មនុស្ស​អើយ ចូរ​ជ្រាប​ថា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ សម្តែង​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។

ដានី‌យ៉ែល 8