12. កងពល និងយញ្ញបូជាប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសម្រេចទាំងអស់។
13. ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា»។
14. គាត់ពោលមកខ្ញុំថា៖ «រហូតដល់ពេលដែលគេខានបានថ្វាយយញ្ញបូជាពីរពាន់បីរយដង ដោយគិតទាំងព្រឹក ទាំងល្ងាច។ បន្ទាប់មក គេនឹងរៀបចំទីសក្ការៈឡើងវិញ»។
15. នៅពេលដែលខ្ញុំ ដានីយ៉ែល កំពុងតែសម្លឹងមើលនិមិត្តហេតុដ៏អស្ចារ្យនេះ ទាំងរិះគិតចង់យល់អត្ថន័យ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្សឈរនៅពីមុខខ្ញុំ
16. ហើយខ្ញុំបានឮសំឡេងមនុស្សម្នាក់ បន្លឺចេញពីទន្លេអ៊ូឡៃមកថា៖ «កាព្រីយ៉ែលអើយ ចូរពន្យល់ប្រាប់គាត់អំពីនិមិត្តហេតុដ៏អស្ចារ្យនេះផង»។
17. លោកនោះក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។ លោកពោលមកខ្ញុំថា៖ «បុត្រមនុស្សអើយ ចូរជ្រាបថានិមិត្តហេតុដ៏អស្ចារ្យនេះ សម្តែងអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ»។
18. ក្នុងពេលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែអោនមុខដល់ដីដដែល។ លោកពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។
19. បន្ទាប់មក លោកពោលថា៖ «ខ្ញុំនឹងជម្រាបឲ្យលោកជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាដែលព្រះជាម្ចាស់វិនិច្ឆ័យទោស ដ្បិតព្រះអង្គបានកំណត់ថ្ងៃចុងក្រោយទុកជាស្រេចហើយ។
20. ចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញនោះ គឺស្ដេចរបស់ជនជាតិមេឌី និងជនជាតិពែរ្ស។
21. រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។
22. ស្នែងនេះបានបាក់ ហើយមានស្នែងបួនទៀតដុះឡើងជំនួស គឺមាននគរបួនកើតចេញពីប្រជាជាតិក្រិក តែពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។
23. នៅចុងរជ្ជកាលរបស់នគរទាំងបួន គឺនៅពេលដែលមនុស្សពាលប្រព្រឹត្តអំពើបាបដល់កម្រិត នឹងមានស្ដេចមួយអង្គទៀតឡើងគ្រងរាជ្យ ស្ដេចនេះព្រហើនកោងកាចណាស់ ហើយប៉ិនប្រសប់ខាងបោកប្រាស់ទៀតផង។
24. អំណាចរបស់ស្ដេចនេះនឹងរឹងប៉ឹងកាន់តែខ្លាំងឡើងៗ តែមិនមែនដោយសារកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ស្ដេចនេះនឹងបំផ្លាញអ្វីៗទាំងអស់គួរឲ្យព្រឺខ្លាច ការអ្វីដែលស្ដេចធ្វើសុទ្ធតែបានសម្រេច ស្ដេចនឹងកម្ទេចពួកមានអំណាចខ្លាំងពូកែ ហើយកម្ទេចប្រជាជនដ៏វិសុទ្ធទៀតផង។