1. នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅបេលសាសារ ខ្ញុំដានីយ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។
2. ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។
3. ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។
4. ខ្ញុំឃើញចៀមនោះវ័ធប្រហារទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង តែគ្មានសត្វណាមួយអាចតទល់នឹងវាបានទេ ហើយក៏គ្មាននរណាអាចរំដោះអ្នករងគ្រោះឲ្យរួចពីអំណាចរបស់វាបានដែរ។ វាធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ហើយអំណាចរបស់វាកាន់តែចម្រើនធំឡើងជានិច្ច។
5. ពេលខ្ញុំកំពុងតែរិះគិត ខ្ញុំឃើញមានពពែឈ្មោលមួយចេញពីទិសខាងលិចមក វាបោលកាត់ផែនដីយ៉ាងលឿន ជើងវាឥតប៉ះដីសោះឡើយ។ ពពែនេះមានស្នែងមួយគួរឲ្យស្ញប់ស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។
6. ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសម្រុកទៅរកចៀមយ៉ាងពេញទំហឹង។
7. ខ្ញុំឃើញវាចូលទៅជិតចៀម ទាំងកំរោល វាជល់ចៀមនោះបាក់ស្នែងទាំងពីរ ហើយចៀមឥតមានកម្លាំងតទល់នឹងវាវិញឡើយ។ វាផ្ដួលចៀមទៅលើដីហើយជាន់កម្ទេច ដោយគ្មាននរណាអាចរំដោះចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។
8. ពពែឈ្មោលនោះកាន់តែធំឡើងៗ ហើយពេលវាកំពុងតែមានអំណាចខ្លាំងក្លា ស្នែងធំរបស់វាក៏បាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញប់ស្ញែងដុះឡើងជំនួស បែរមុខទៅរកទិសទាំងបួន។
9. មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត។
10. បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃស្ថានសួគ៌ ធ្វើឲ្យពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។
11. ស្នែងនោះលូតឡើងរហូតដល់ព្រះម្ចាស់សួគ៌ វាហាមគេមិនឲ្យថ្វាយយញ្ញបូជាប្រចាំថ្ងៃចំពោះព្រះអង្គ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។